នាព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងសំខាន់បន្ទាន់មួយ ពាក់ព័ន្ធបញ្ហា កូវីដ-១៩ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ឲ្យកងកម្លាំងត្រូវគ្រប់គ្រងឲ្យបាន ចំពោះពលរដ្ឋខ្មែរនៅថៃ ដែលបានត្រឡប់មកស្រុកកំណើតវិញ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវដាច់ខាត ។
ក្នុងនោះ សម្ដេចបានបញ្ជាក់ថាគិតត្រឹមល្ងាចនេះ មានពលករថ្មីដែលរកឃើញថាឆ្លងមេរោគកូវីដ១៩ បន្ថែម៦នាក់ហើយ និងមានករណីសង្ស័យថាឆ្លងនោះមានច្រើននាក់ទៀត ដូច្នេះអាចនឹងមានជាង១០នាក់ឯណោះ ដែលនេះជាករណីបន្ទាន់មួយ ដែលត្រូវយកចិត្តទុកដាក់មែនទែន។
ការដាក់បទបញ្ជាយ៉ាងដាច់ណាត់ថ្មីមួយនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសម្ដេចអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញថាមនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសថៃ។