ករណីមន្ត្រីនគរបាលល្បួងក្មេងស្រីក្រោម 15ឆ្នាំទៅរួមភេទនៅផ្ទះសំណាក់ ស្នងការថាមិនមានការលាក់បាំងដូចការចុះផ្សាយឡើយ ការពិតនោះគឺ

រតនគិរី៖រឿងអាស្រូវរបស់មន្ត្រីនគរបាលមួយរូបមានឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ ច្រករបៀងភូមិភិ កំពុងល្បី ដែលបានលួងលោមក្មេងស្រីអនិតិជនចូលផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយយ៉ាងព្រោងព្រាត ថាព័ត៌មានមួយនេះត្រូវបានគេព្យាយាមលាក់បាំង។

យ៉ាងណានៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការបំភ្លឺព័ត៌មានទាក់ទងករណីនេះថា៖

ខាងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ក្រោយពេលទទួលបណ្ដឹង បន្ទាប់មករយៈពេលពីរថ្ងៃក្រោយជនរងគ្រោះបាននាំអាណាព្យាបាលមកសុំដកពាក្យបណ្ដឹងឈប់ប្តឹងដេញដោលតទៅទៀតទាក់ទងនឹងបណ្ដឹងរបស់ខ្លួនដែលបានប្ដឹងចោទថាត្រូវបានគេលួងលោមរួមភេទ បច្ចុប្បន្នទាក់ទងនឹងករណីនេះស្នងការដ្ឋានបានបញ្ជូនសំណុំឯកសារទៅសាលាដំបូងខេត្ត រួចអស់ហើយគឺមិនមានការលាក់បាំងដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ សូមសាធារណជនមេត្តាទទួលជ្រាប។

សូមជម្រាបជូនថាទាក់ទងនឹងករណីនេះ អស់រយៈពេលជិតមួយខែកន្លងមកហើយអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងជនកំហូចរូបនោះ ប៉ុន្តែក្នុងរឿងនេះត្រូវបានលោកនាយប៉ុស្តិ៍ នគរបាល ភិតភ័យស្លន់ស្លោ សុំការសម្រួលជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។

ប្រភពព័ត៌៌មានបានឲ្យដឹងថា ក្នុងរឿងហេតុខាងលើ ជនល្មោភកាម អាងខ្លួនជាមន្ត្រីនគរបាល ព្រមទាំងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី ទៀតផងនោះ ការសន្យាគឺត្រូវគេមិនគោរពឲ្យសច្ចៈនោះឡើយ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី ទៅលើមន្ត្រីនគរបាលរូបនោះ ជាហេតុធ្វើអោយជនសង្ស័យ កាន់តែភ័យសាជាថ្មីម្តងទៀត ដោយលើកទីពីរនេះ ត្រូវបានប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។ ប្រភពមួយទៀតដែលស្និទ្ធនឹងក្មេងស្រី បានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។

ពាក់ព័ន្ធករណីរឿងនេះអ្នកសាព័ត៌មាន បានទូរស័ព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ។

ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយេនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យប្តឹងទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអ៊ីចឹងទៅដោយខាងម្តាយគេមកដកវិញ។

ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពុងអនុវត្តតាមនីតិវិធី។