ថាធានារត់ការឲ្យថៅកែជនជាតិចិន៣នាក់ចូលសញ្ជាតិខ្មែរ តែបែរជាស៊ីដាច់លុយជិត១លានដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់បុរសម្នាក់ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ដែលធានារត់ការឲ្យថៅកែជនជាតិចិន៣នាក់ចូលសញ្ញាតិខ្មែរ ហើយស៊ីដាច់ប្រាក់ចំនួន៧៦ម៉ឺដុល្លារអាមេរិក។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួនឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល បញ្ជូនមកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ ដើម្បីធ្វើការសាកសួរ ។

កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ហ្គោលវែល ដាក់ពាក្យសុំចូលសញ្ជាតិខ្មែរអោយថៅកែចិន៣នាក់ គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។

បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល ។ បន្ទាប់មកទៀតលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦ម៉ឺនដុល្លារឲ្យមកឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើការនេះ ។

ដោយសារតែដល់ថ្ងៃកំណត់មកដល់មិនឃើញមានការកោះហៅ ដើម្បីស្បថប្រកាសចូលសញ្ជាតិ ហើយឈ្មោះ ស៊ិន ដាវុធ បានគេចខ្លួនបាត់រហូត ទើបដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ លោក Chan kam fung Jane បានតាមរកឃើញឈ្មោះ ស៊ិន ដាវុធ ពេលនោះជន សង្ស័យ បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយសន្យាថានឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះមិនឃើញសងប្រាក់វិញ ទើបលោក Chan kam fung Jane ដាក់ពាក្យប្ដឹងតែម្ដង ៕