ទាល់តែក្រឡាប់ទើបធ្លា-យចេញឈើប្រមាណជាង៣០ម៉ែត្រគូប ឈើលេខ១ ខណៈលិខិតអនុញ្ញាតមានត្រឹមតែ១៧ម៉ែត្រគូប និងឈើលេខ៣

កំពង់ចាម ៖ រថយន្តដឹកឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង បានក្រឡាប់កាលព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅកំណាត់ផ្លូវចូលភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្ងារជើងធ្លា-យចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង ប្រវែងជាង៣ម៉ែត្រ ខណៈដែលអ្នកបេីកបររថយន្តរងរបួ-សស្រាលម្នាក់។

រថយន្តដឹកឈេីខាងលេី មានលិខិតច្បាប់អនុញ្ញាតឲ្យដឹកជញ្ជួនឈេីក្នុងមួយគ្រឿងប្រមាណជាង១៧ម៉ែត្រគូបតែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះ ឆ្ពោះទៅកាន់ខេត្តកណ្តាល។

ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេសទេ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តដឹកឈើដូចរថយន្តក្រឡាប់នេះច្រើនគ្រឿងណាស់ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាពបែបនេះជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់ដោយគ្របតង់បិទជិតផ្នែកទ្រុង ឬរ៉ឺម៉ក ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។