រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា ស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកនៅក្នុងសហគមន៍កម្ពុជា បានឈានដល់បន្ទាត់ក្រហម ពិតជាគួរឲ្យព្រួយបារម្ភ បើសិនជាឆ្លងផុតបន្ទាត់ក្រហមទៀត ចាំបាច់ត្រូវបិទ(ប្រទេស)ទៀតហើយ ។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានបែបនេះ ក្នុងឱកាសនាំយកថវិកាចំនួន ១០លានរៀល និងសម្ភារផ្សេងទៀតរបស់សម្តេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។
លោកស្រី ឱ វណ្ណឌីន ក៏បានជម្រាបជូនថា កិច្ចពិភាគ្សាជាមួយ WHO គឺយើងឃើញថា បច្ចុប្បន្ននេះ កម្ពុជាគឺហាក់ដូចជាបានចូលទៅដល់បន្ទាត់ក្រហមទៅហើយ ។ អ៊ីចឹង បើយើងនៅបន្ទាត់ក្រហម យើងនៅតែមិនព្រម នៅតែធូររលុង នូវវិធានការដាក់ចេញនោះ កម្ពុជានឹងឆ្លងផុតបន្ទាត់ក្រហមហើយ ។ នៅពេលឆ្លងផុតបន្ទាត់ក្រហម តើមានន័យថាម៉េច ? មានន័យថា យើងនឹងដាក់ខ្លួនយើងទាំងអស់គ្នា ចូលទៅក្នុងព្រឹត្តិការណ៍មួយដែលហៅថា ការឆ្លងនៅក្នុងទ្រង់ទ្រាយធំ ។ បើឆ្លងចូលទៅក្នុងទ្រង់ទ្រាយធំហើយ កម្ពុជាលំបាកហើយពេលនោះ ។
ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បើសិនមានការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងផុតបន្ទាត់ក្រហមហើយនោះ វានឹងបង្កឱ្យមានការបាត់បង់ជីវិតមនុស្សកាន់តែច្រើនថែមទៀត ដោយសារតែកម្លាំង នៃការរាលដាលជំងឺនេះ លើសសមត្ថភាពសុខាភិបាលសាធារណៈ ។
លោកស្រី ឱ វណ្ណឌីន បានព្រមានអោយដឹងដូច្នេះថា បើយើងឆ្លងផុតបន្ទាត់ក្រហម ក្លាយជារាតត្បាតឆ្លងទ្រង់ទ្រាយធំ បើចរន្តឆ្លងវារត់ខ្លាំងទៅក្នុងសហគមន៍របស់យើង មូលដ្ឋានសុខាភិបាលសាធារណៈមន្ទីរពេទ្យ ត្រូវតែហួសពីសមត្ថភាពហើយ ពីព្រោះវាច្រើនមែនទែន ដល់អ៊ីចឹងអត់មានកន្លែងដាក់នោះទេ ។ ដើម្បីកាត់ផ្តាច់ គឺជៀសមិនរួចអំពីការបិទខ្ទប់(ប្រទេស)ទៀតហើយ បើមានការបិទខ្ទប់ទៀត បងប្អូនមិនចង់នោះទេ ។ អ៊ីចឹង បងប្អូនត្រូវចូលរួមទាំងអស់គ្នា ទាមទារអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវជាទីបំផុត ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕