
សង្គម
ពាក់ព័ន្ធនឹងសកម្មភាពចាក់ថ្មនៅក្នុងទន្លេ ក្បែរត្រើយកំពង់ចម្លងអរិយក្សត្រ ខេត្តកណ្ដាល ដែលពលរដ្ឋកំពុងងឿងឆ្ងល់ខ្លាំងនោះ ពេលនេះមានការបញ្ជាក់ពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលហើយ តាមរយៈសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដានេះ ដោយធ្វើឡើងតាមគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនវិនិយោគឯកជនមួយឈ្មោះ ឃុន សៀ ឌីវើឡុកមិន ដែលទទួលបានអនុញ្ញាតពីអាជ្ញាធរ ក៏ដូចជាពីរដ្ឋាភិបាលនៅលើផ្ទៃដីប្រមាណ៧០ហិកតា គឺមានទម្រង់ប្រហាក់ប្រហែលនឹងមជ្ឈមណ្ឌលកោះពេជ្រ ឬទៅតាមកន្លែងអភិវឌ្ឍនានាដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃចន្ទម្សិលមិញ អភិបាលខេត្តដដែលបានប្រាប់ VOA ថា ការចាក់ថ្មចូលទន្លេក្នុងភូមិសាស្ត្រអរិយក្សត្រជាការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយដែលលោកថាបានជួលដីរបស់រដ្ឋនៅតាមតំបន់ ប៉ុន្តែលោកមិនបានបញ្ជាក់ថាក្រុមហ៊ុននោះមានឈ្មោះអ្វី និងអភិវឌ្ឍអ្វីនោះទេ ខណៈកាលពីថ្ងៃទី២ ខែកក្កដាលោកបានប្រាប់ សារព័ត៌មានខ្មែរណាស់ថាលោកមិនបានដឹងអំពីការចាក់ថ្មនៅតំបន់អរិយក្សត្រនោះទេ។


