
សង្គម
ថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១ លោកកឹម សុខា បានផ្ញើសារតាមរយៈបណ្ដាញសង្គម ជូនចំពោះលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី ។
ទោះបីអស់រយៈពេល៥ឆ្នាំកន្លងផុត ដែលលោកបណ្ឌិត កែម ឡី បានទទួលមរណភាពយ៉ាងអ-ណោចអ-ធម ដោយអំពើឃា-ត-ក-ម្មយ៉ាងសាហា-វព្រៃ-ផ្សៃ ដែលលោកបានចាកចោលពួកយើងហើយក៏ដោយ
ខ្ញុំជឿថាលោកស្រីព្រមទាំងកូនៗ នៅតែសោកស្តាយ នឹកអាឡោះអាល័យស្វាមី និង ឪពុកគ្មានថ្ងៃស្រាកស្រាន្តឡើយ។ ក្នុងឱកាសខួប៥ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកែម ឡី ថ្ងៃនេះ ខ្ញុំ និង ភរិយា ជាថ្មីម្តងទៀត សូមសម្តែងនូវការសោកស្តាយក្រៃលែង និង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី និង កូនៗព្រមទាំងក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡីទាំងអស់ជាអនេកកប្បការជានិច្ច។
ការពិតដូចលោកស្រីជ្រាបហើយ ខ្ញុំ និងលោកបណ្ឌិតកែម ឡី មិនមែនត្រឹមតែមានស្រុកកំណើតជាមួយគ្នា(ស្រុកត្រាំកក់ ខេត្តតាកែវ) ជាកូនចៅអ្នកជនបទដែលបានតស៊ូរៀនសូត្រ បានរស់នៅ បានស្គាល់ពីសង្គមពិត និង ជីវិតអ្នកក្រីក្រ អ្នករងគ្រោះដូចគ្នានោះទេ យើងអាចមានចក្ខុវិស័យ គោលបំណង និង គោលការណ៍ដូចគ្នាច្រើនទៀត ដើម្បីអធិបតេយ្យភាព ឯករាជ្យ ឯកភាពជាតិខ្មែរ និង ដើម្បីសិទ្ធិ សេរីភាព យុត្តិធម៌ សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ដោយប្រកាន់យកនូវគោលការណ៍អហិ-ង្សា មិនយកខ្មែរណាជាសត្រូវ។
នេះបើតាមអ្វីដែលលោកបណ្ឌិតកែម ឡីធ្លាប់ផ្លាស់ប្តូរទស្សនៈគ្នាពីបញ្ហាសង្គមជាតិជាមួយខ្ញុំកន្លងមក។
ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុស័ក្តសិទ្ធ សូមប្រទានពរជ័យដល់លោកស្រី និងកូនៗ ឲ្យមានសុខភាពល្អ សេចក្តីចម្រើន និង សុភមង្គលកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកស្រី និង កូនៗ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា។
ពីខ្ញុំ កឹម សុខា






