
សង្គម
ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងសិរីសោភ័ណដែលប្រទេសជប៉ុនបានសាងសង់ យ៉ាងស្រស់ស្អាតណាស់ ជាមួយទិដ្ឋភាពបៃតងខ្ចីត្រជាក់ភ្នែក ដោយដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវទៀតផង។
ប៉ុន្តែទិដ្ឋភាពដ៏ស្រស់បំព្រងនេះត្រូវបានអាប់អួរដោយសំរាមពាសវាល ពាសកាលបែបនេះទៅវិញ គួរតែពិចារណា និងគិតឡើងវិញហើយ សម្រាប់បងប្អូនដែលបានទៅកម្សាន្តនៅផ្លូវជាតិលេខ៥ នេះ។
តាមមើលទិដ្ឋភាពផ្លូវស្អាត ដែលទើបនឹងសាងសង់មិនទាន់បញ្ចប់១០០% ផង តែបែរជាឃើញសំរាមយ៉ាងនេះហើយ។
សូមបញ្ជាក់ថាគម្រោងផ្លូវជាតិលេខ ៥ ផ្លូវអាស៊ានហាយវេលេខ១ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ។
ការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លងទទឹង២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល ៕
រូបភាព៖ Banteay Meanchey News Youths








