
សង្គម
ការប្រកួតរវាងកីឡាករឃីម បូរ៉ា និង កីឡាករម៉ឺន មេឃា ដែលនាំឲ្យមហាជន និងថ្នាក់ដឹកនាំកំពូលបានរិះគន់ ចំពោះការប្រព្រឹត្តិខុសរបស់ចៅក្រម អាជ្ញាកណ្ដាល នៅសង្វៀន CNC កាលពីពេលកន្លងទៅ។
យ៉ាងណាឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ជាការឆ្លើយតបទៅនឹងការរិះគន់ប៉ុន្មានថ្ងៃមកនេះ ថារីករាយ និងទទួលយកការរិះគន់ទាំងអស់ មិនបានអន់ចិត្តអ្វីនោះទេ។
ឯកឧត្តម ចាត់ទុកការរិះគន់របស់បងប្អូនទាំងអស់ សុទ្ធតែអ្នកស្រឡាញ់ គាំទ្រ ចង់ឲ្យប្រដាល់រីកចម្រើនហើយបានរិះគន់នោះ ហើយការរិះគន់ទាំងនេះគឺសុទ្ធតែត្រឹមត្រូវ។
ប្រធានសហព័ន្ធរូបនេះបានលើកឡើងបន្តថា លោករីករាយស្វាគមន៍ ចំពោះការរិះគន់ក្នុងន័យស្ថាបនានានា ដើម្បីឲ្យលោកខ្លួនឯងបានការកែតម្រូវនូវចំណុចខ្វះខាតលើមន្ត្រីចំពោះការបំពេញភារកិច្ចមិនបានល្អ និងតែងតែបង្កកំហុសឆ្គង។
ជាមួយគ្នានេះដែរ ឯកឧត្ដមសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការប្រកួតរវាង ឃីម បូរ៉ា និង ម៉ឺន មេឃា ដែលមន្ត្រីសហព័ន្ធបង្កកំហុសធ្ងន់ធ្ងរ យ៉ាងណាឥឡូវនេះសហព័ន្ធបានប្រជុំដាក់ពិន័យដល់មន្ត្រីទាំងនោះរួចហើយដែរ៕
សូមជម្រាបជូនថា ក្រោយពីមានការរិះគន់នេះ មន្ត្រីកីឡាខាងលើបានចេញលិខិត៣ច្បាប់ដូចៗគ្នាក្នុងពេលតែមួយ ដោយ៖
លោក មាស សុខគ្រី ត្រូវបានពិ-ន័យព្យួរការងារយៈពេល ៦សប្ដាហ៍ ពាក់ព័ន្ធនឹងការផ្ដល់យោបល់ និងពិភាក្សាជាមួយខាង Sponsor ខុសពីបទបញ្ជាបច្ចេកទេស។
លោក រៀម កុសល អាជ្ញាកណ្ដាល ពិ-ន័យព្យួរការងារ ៤សប្ដាហ៍ ដោយសារកំហុសធ្វេសប្រហែលយឺតយ៉ាវទុកឱកាសឲ្យកីឡាករម្ខាងបោកកីឡាករម្ខាងទៀតធ្ងន់ធ្ងរពេក មិនបានបំពេញតួនាទីឲ្យបានទាន់ពេលវេលាជាមួយគណៈវិនិច្ឆ័យ។
កីឡាករ ម៉ឺន មេឃា ទទួលបានការស្ដីប-ន្ទោស និងណែនាំកុំឲ្យកំហុសបច្ចេកទេសថ្ងៃក្រោយទៀត ហើយត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌កីឡាឲ្យបានខ្ពស់។







