
សង្គម
រដ្ឋមន្ត្រី៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បា-ប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវ60ម៉ែត្រ មានអ្នកបើកឡានធំជាច្រើន ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។
តាមបដាស្នើសុំគឺមានសរសេរថា «សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន(ដី ខ្សាច់ ថ្ម)...!»
សូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកផង
១ កុំចាប់ឡានទុករយៈពេលមួយឆ្នាំ
២ ត្រឹមពិន័យជាទឹកប្រាក់បានហើយ
៣ សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន
ក្រោយឃើញការតវ៉ានេះ មហាជនចោទជាសំណួរថា ច្បា-ប់ពួកគាត់មិនចូលរួមគោរព គិតតែពីសុំការលេីកលែងបែបនេះ មិនគួរទទួលយកបានទេ?
ប្រសិនបេីពួកគាត់គោរពច្បា-ប់គ្មាននរណាទៅប៉ះពាល់ពួកគាត់ទេ ហេីយកន្លងមកផលប៉ះពាល់ដែលបង្កឡើងដោយក្រុមឡានដឹកខ្សាច់នេះ តេីពួកគាត់ជាអ្នកទទួលខុសត្រូវទេ? យ៉ាងណាសង្ឃឹមថានឹងមានដំណោះស្រាយល្អទាំងអស់គ្នា សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖
យ៉ាងណានៅថ្ងៃដដែលក្រោយមានការចូលរួមពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ពួកគាត់បានចាត់តំណាងក្រុមយានយន្តដឹកជញ្ជូនចំនួន ៥រូប ក្នុងចំណោមជាង៣០០នាក់ បានស្នើសុំដំណោះស្រាយ ៣ចំណុចដែលខុសពីច្បា-ប់ និងឯកសារគតិយុត្តិ រួមមាន៖
១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ ១៦តោន។
២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា
៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។
ជាការឆ្លើយតម ឯកឧត្តមប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូនឯកឧត្តមទេសរដ្ឋមន្រ្តីដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជម្ងឺកូវីដ១៩។
ការតវ៉ាធ្វើឡើងក្រោយពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នោះថា
ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។
ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំងនោះធ្វើឱ្យខូចផ្លូវដូចគ្នា។








