
សង្គម
កាលយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញ មានបុរសម្នាក់ និងកូនស្រីម្នាក់ ជិះកង់ឌុបគ្នាតាំងពីស្រុក មកភ្នំពេញ ឆ្លងកាត់មេឃភ្លៀងផង ខ្យល់ផងជាហេតុធ្វើឲ្យក្រពះហ្នឹងវាកូរទៀត ស្រាប់តែមកជួបនឹងអ៊ំស្រីអ្នកលក់ប្រហិតចិត្តល្អ ជូនប្រហិតបន្តិចបន្តួច ញ៉ាំដោយពុំយកប្រាក់។

ឆ្លៀតពេលនោះអ៊ំស្រីអ្នកលក់ប្រហិតបានសួរជីកឬស ជីកគល់បានដឹងដំណើររឿង ដោយអ៊ំស្រី ស៊ីម ជឹម រៀបរាប់ឲ្យដឹងថា៖
«គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់ និងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុខរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត1ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា1ចង្កាក់1000៛ណាពូហើយគាត់សួរថា2000៛បានប៉ុន្មានចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា2000៛បាន2ចង្កាក់ណាពូ

ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង2នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយទេណាក្មួយ ចង់ជិះឡានមកដែរ
ពេលដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត3ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន ខ្ញុំនឹងចៀនប្រហិតញាំទៀតដោយមិនគិតលុយ
រួចហើយគាត់អរគុណខ្ញុំ រួចក៏ជិះកង់ទៅវិញកូន ថ្ងៃនេះទោះជាភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្ត ព្រោះបានធ្វើបុណ្យ។»
សូមបញ្ជាក់ជូនផងដែរថា អ៊ំស្រី ស៊ីម ជឹម លក់ប្រហិតនេះ គឺមិនត្រឹមតែជាអ្នកលក់ប្រហិតនោះទេ គាត់ក៏ជាមន្ត្រីប៉ូលិសផងដែរ ធ្វើការនៅខណ្ឌទួលគោក ហើយឆ្លៀតពេលសម្រាកមកលក់ប្រហិតដើម្បីជួយសម្រួលជីវភាព នៅទីតាំងម្ដុំស្ពារអាកាស៧មករា។







