
សង្គម
ក្រសួងកសិកម្មក៏បានចេញសេចក្តីប្រកាស អំពីមូលហេតុដែលធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់ អាចធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករា.លដា.ល នៃជំ.ងឺកូ.វីដ-១៩ និងរបាំងភូតគាមអនាម័យ ជាពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន ខណៈផ្លែមៀនប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផល។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១២សីហា កសិករជាង៣០០នាក់នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខច្រកព្រំដែនដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីភាគីថៃបិទព្រំដែនមិនឲ្យពួកគាត់នាំចូលផ្លែមៀនប៉ៃលិន ឬតាងែន ដែលពួកគាត់មិនអាចយកផ្លែមៀនប៉ៃលិនទៅលក់នៅក្នុងប្រទេសថៃបាន និងកំពុងធ្វើឲ្យផ្លែមៀនប៉ៃលិនជាង៣០តោនប្រឈមការកកស្ទះ និងរលួ.យខូច។
ឆ្លើយតបនឹងការតវ៉ារបស់ពលរដ្ឋទាំងនេះដែរថា កម្ពុជាបានដាក់លិខិតស្នើសុំបើកទីផ្សារនាំចេញផ្លៃមៀនកម្ពុជាទៅប្រទេសថៃតាំងពីឆ្នាំ២០១៩ ប៉ុន្តែមកដល់ពេលនេះ ការចរចារមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៅឡើយទេ ទោះបីកម្ពុជាបានទាក់ទងជំរុញការងារនេះក៏ដោយ។
ក្រសួងបានឲ្យដឹងទៀតថា ដើម្បីដោះស្រាយទីផ្សារផលិតផលមៀនប៉ៃលិន នៅពេលនេះ ក្រសួងបានណែនាំឲ្យអ្នកនាំចេញ គួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ព្រោះកម្ពុជាបានសម្របសម្រួលការនាំចេញមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌភូតគាមអនាម័យ សម្រាប់នាំចេញផ្លែមៀនកម្ពុជាទៅប្រទេសវៀតណាម។
ក្រសួងបន្តថា កម្ពុជាក៏បានដាក់លិខិតស្នើសុំនាំចេញមៀនទៅប្រទេសចិនដែរ ប៉ុន្តែការចរចារនេះ ក៏មិនទាន់សម្រេចគ្នានៅឡើយ ព្រោះភាគីចិនកំពុងធ្វើការវិភាគហា.និ.ភ័យសមាសភាពច.ង្រៃស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។
ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ទន្ទឹមនឹងនេះ ក្រសួងក៏សូមស្នើដល់ ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផល ក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃ សម្រាប់បម្រើដល់ការហូបចុកក្នុងស្រុក ជំនួសឲ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ៕




