
សង្គម
តារាចម្រៀងស្រីដែលកំពុងរះយ៉ាងត្រដែតនៅផលិតកម្មហ្គាឡាក់ស៊ីឡាវ៉ាត្រា គឺ តន់ ចន្ទសីម៉ា មានមហាជន អ្នកគាំទ្រឆ្ងល់ហើយថាតើល្បីយ៉ាងនេះ ម៉េចមានតែវត្តមាននៅលើផេក និងឆានែលផលិតកម្ម ដោយមិនបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ កម្មវិធីប្រគំតន្ត្រីអ៊ីចឹង?

មូលហេតុដែល សីម៉ា មិនមានវត្តមាននៅកម្មវិធីក្រៅពីផលិតកម្ម គឺដោយសារតែតារាស្រីសំនៀកស្អកនេះស៊ីថ្លៃពេក ពោលគឺអ្នកគ្រប់គ្រងផលិកម្មនេះ លោក យឹម តាស្រង់ បានកំណត់តម្លៃតារាស្រីរូបនេះតាំងពីចុងឆ្នាំ២០២០មកម៉្លេះ។

បើតាមលោក យឹម តាស្រង់ ធ្លាប់ប្រាប់កាសែតនគរធំ ថា តម្លៃខ្លួនសីម៉ា ច្រៀងក្នុងមួយកម្មវិធី តាមការប្រគំតន្ត្រីធំៗនៅតាមបណ្ដាខេត្ត ១កម្មវិធី ស៊ីថ្លៃ ៥០០០ដុល្លារ ឯការច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងគឺចាប់ពី ១០០០ ទៅ ២០០០ដុល្លារ ខណៈការថតស្ពតមួយវិញ ដែលចំណាយពេលពី១ទៅ២ថ្ងៃ ស៊ីថ្លៃ២០០០០ដុល្លារឯណោះ។

តម្លៃនេះគឺពិតជាថ្លៃកប់ពពកពិតមែន ពោលគឺលើស តារាចម្រៀងលោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត ប៉ុន្តែទោះជាតម្លៃថ្លៃយ៉ាងណានេះក្ដី ក៏សីម៉ា នៅតែមានស្ពតធំៗថតចំនួនពីរដដែល។

ទោះបីជា សីម៉ា មិនមានកម្មវិធីតាមទូរទស្សន៍ ឬគ្មានអ្នកហ៊ានជួលយ៉ាងណាក្ដី ក៏អ្នកគ្រប់គ្រងផលិកម្មនេះថា Galaxy មានលទ្ធភាពចិញ្ចឹមតារាលំដាប់កំពូលរបស់ខ្លួនឲ្យរស់បានស្រួល៕









