
សង្គម
រឿងរ៉ាវម្ចាស់កង់បីឈ្មោះលីហួរ យកទ្រព្យសម្បត្តិរាប់ពាន់ដុល្លារដែលភ្ញៀវភ្លេច យកទៅជូនភ្ញៀវវិញកាលពីពេលថ្មីៗនេះ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្ដែងក្ដីគោរពយ៉ាងខ្លាំងចំពោះទង្វើដែលប្រពៃនេះ។

យ៉ាងណាក៏មានអ្នកខ្លះសម្ដែងការមិនពេញចិត្តចំពោះម្ចាស់ទ្រព្យ ដែលមានសគុណតិចតួចស្ដួចស្ដើងពេកត្រឹម២០ដុល្លារ ខណៈទ្រព្យសម្បត្តិរបស់ខ្លួនមានដល់ទៅ២០០០ដុល្លារ និងទូរស័ព្ទទំនើប២គ្រឿង ព្រមទាំងឯកសារផងដែរ ទោះបីជាមានសគុណយ៉ាងណាក្ដីក៏ម្ចាស់កង់បីនៅតែមានក្ដីរំភើបសប្បាយរីករាយក្នុងចិត្តដដែល។

ជាមួយគ្នានោះដែរក៏មានអ្នកខ្លះលើកឡើងថាអ្នកបើកកង់បីគ្មានអ្នកណាមួយល្អទេ, អ្នកខ្លះថាជាការសម្ដែង ,អ្នកខ្លះថាចាំបាច់អ្វីត្រូវឡាយលើបណ្ដាញសង្គម?

ជាការឆ្លើយតបម្ចាស់កង់បីមានចិត្តបរិសុទ្ធរូបនេះលើកឡើងថា មិនមែនជាលើកទី១សម្រាប់គាត់នោះទេក្នុងការយករបស់ភ្លេច ទៅជូនម្ចាស់ដើមវិញ គ្រាន់តែគាត់មិនបង្ហោះឲ្យដឹង ប៉ុន្តែគាត់បានថតរូបជាអនុស្សាវរីយ៍។
ហើយថាអ្នកបើកកង់បីគ្មានអ្នកណាមួយល្អគឺខុសហើយ លោក លីហួរ ថាអាចមានមួយចំនួនតូចមិនល្អ ក៏មានច្រើនដែលល្អៗ ហើយរឿងនេះក៏គាត់មិនមែនសម្ដែងដែរ គាត់ថាអ្នកដែលថាគាត់សម្ដែងនោះ ប្រហែលជាចូលចិត្តមើលរឿងសម្ដែងច្រើនក៏មិនដឹង។
ឯរឿងដែលថាហេតុអីចាំបាច់ឡាយ (Live) បង្ហោះលើបណ្ដាញសង្គម គាត់ថាបើគាត់មិនធ្វើក៏អ្នកទាំងអស់គ្នាមិនដឹង ចឹងមានន័យថាចិត្តអ្នកថានោះចង្អៀតចង្អល់បាត់ទៅហើយ ពេលឃើញគេទង្វើល្អបង្ហាញក្នុងសង្គម បែរជាថាចាំបាច់ឡាយ ចាំបាច់ថតបង្ហោះនោះ។សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖





