សង្គម
អ្នកស្រីសូ-សាវឿន ជាអតីតអ្នកចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ដែលអ្នកស្រីកើតនៅ ខែមិថុនា ឆ្នាំ១៩៤៥ ក្នុងឃុំបឹងងោក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកកែវ-ឯម ដែលជាតន្រ្តីករដ៏ល្បីម្នាក់ប្រចាំក្រុមតន្រ្តីយោធាភិរម្យ ដែលអ្នកទាំងពីរទទួលបានចំណងដៃបុត្រ៤នាក់ក្នុងនោះមានស្រី ១ នាក់ និង ប្រុស ៣ នាក់ ។
បទចម្រៀងល្បីៗរបស់អ្នកស្រី សូ សាវឿន មានដូចជាបទ៖ កំពង់ហ្លួងដួងចិត្ត (ស្ពានកំពង់ហ្លួង) បទស្ទឹងសែនប៉ារីស បទអ្នកបំរើតាមយន្តហោះ បទអនុស្សាវរីយ៍កំពង់ហ្លួង...និងមានបទចម្រៀងពីរោះៗជាច្រើនបទទៀត ទាំងចម្រៀងទោល (បទមនោសញ្ចេតនា) ចម្រៀងទោល(បទប្រជាប្រិយ) និងបទចម្រៀងឆ្លងឆ្លើយ។
ក្នុងសម័យប៉ុលពត គឺនៅចុងឆ្នាំ១៩៧៦ អ្នកស្រីមានភ័ព្វសំណាងបានភៀសខ្លួនពីមាតុភូមិទៅរស់នៅប្រទេសបារាំង សព្វថ្ងៃនេះ អ្នកស្រីសូ-សាវឿន កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងយ៉ាងសាមញ្ញក្នុងនាមជាស្រី្តមេម៉ាយ បន្ទាប់ពីស្វាមីអ្នកស្រីបានលាចាកលោកកាលពី ៣ ឆ្នាំមុននៅឯទីក្រុងប៉ារីស ដែលមកដល់សព្វថ្ងៃនេះអ្នកស្រីមានអាយុ ៧៦ ឆ្នាំហើយ។
បើទោះបីជាអ្នកស្រីមានវ័យជាង៧០ឆ្នាំហើយក្ដីក៏សម្រស់អ្នកស្រី និងភាពរឹងមាំគឺមិនដូចទៅនឹងអាយុឡើយ ដោយអ្នកស្រីធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានសំឡេងសហគមន៍ខ្មែរថា ចំពោះការងារសិល្បៈអ្នកស្រីនៅតែពេញចិត្តឡើងច្រៀងឡើងសម្តែងមិនរាថយនោះឡើយឲ្យតែគេត្រូវការ ជាក់ស្តែងនៅស្រុកបារាំងគេនៅតែហៅច្រៀងរាល់កម្មវិធីបុណ្យទានដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌឬចូលរួមកម្មវិធីបរិច្ចាកជួយសង្គមៗផ្សេងៗអ្នកស្រីនៅតែទទួលការអញ្ជើញឡើងសម្តែងមិនចោលនោះឡើយ។
ប្រភពយោងពី wikipedia