
សង្គម
នាព្រឹកថ្ងៃសុក្រ ០៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែង លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងពីរ អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ការរី.ក.រា.លដា.លនៃជំ.ងឺកូ.វីដ-១៩ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យ នៃការកាត់ផ្ដាច់ជំ.ងឺកូ.វី.ដ-១៩នេះ។
ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សា និងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនា.ស់ដី.ធ្លី និងទប់ស្កាត់ឲ្យបាននូវ ទំនា.ស់.ដី.ធ្លីដែលកើតឡើងថ្មីៗទៀត ។
អភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ឲ្យបានល្អប្រសើរ ពិសេសទប់ស្កាត់ឲ្យ បាននូវការហ៊ាចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ ។






ដោយឡែកសម្រាប់លោក លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកបានបង្ហើរ វាចាចិត្តរបស់ខ្លួនតាមរយៈបណ្ដាញសង្គមថា ខ្ញុំជានាទីចុងក្រោយជូនដល់មីងមា បងប្អូនទាំងអស់ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតខ្ញុំសូមអរគុណចំពោះ លោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កងកម្លាំងគ្រប់ប្រភេទ លោក លោកស្រី ចៅសង្កាត់-ក្រុមប្រឹក្សាសង្កាត់ទាំង៧ មន្ត្រីសង្កាត់-ភូមិ ប្រជាការពារខណ្ឌ-សង្កាត់ និងប្អូនៗ យុវជន យុវនារី ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ រយៈពេលកន្លងមកនេះ យើងបានរួបរួមសាមគ្គីគ្នាជាថ្លុងមួយយ៉ាងស្និតរមួត ក្នុងការបំពេញតួនាទី និងភារកិច្ច បំរើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ដោយសេចក្ដីស្មោះត្រង់បំផុត ព្រមទាំងបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ប្រកបដោយស្មារតីទទួលខុសខ្ពស់បំផុត រហូតធ្វើអោយយើងសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ជាការពិតណាស់ កំឡុងពេលជិត១០ឆ្នាំ ដែលខ្ញុំស្ថិតក្នុងតំណែងជាអភិបាលរងខណ្ឌប្ញស្សីកែវ រយៈពេល ៤ ឆ្នាំ ១ ខែ និង២៨ថ្ងៃ និងជាអភិបាលខណ្ឌប្ញស្សីកែវ រយៈពេល ៥ ឆ្នាំ ៥ ខែ និង២៧ ថ្ងៃ ខ្ញុំពិតជាមានមោទនភាពដ៏ធំធេងបំផុត និងមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយមានភ័ព្វសំណាងបានចូលរួមបំពេញភារកិច្ចការងារក្នុងបុព្វហេតុបំរើដល់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងទឹកដីខណ្ឌប្ញស្សីកែវ។ រួមជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដែលបាននឹងកំពុងផ្ដល់ក្ដីស្រឡាញ់រាប់អានដល់ខ្ញុំ និងភរិយា ថែមទាំង តែងតែគាំទ្រជានិច្ចកាល នូវសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ជាពិសេសស្ថិតក្នុងអាណត្តិខ្ញុំជាអភិបាលខណ្ឌកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបន្តតែងតាំង ខ្ញុំបាទ ជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លើសពីនេះទៅទៀត ខ្ញុំបាទសូមប្ដេជ្ញាអនុវត្តតួនាទី និងភារកិច្ចថ្មីនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងអាចឈានដល់ការសម្រេចបានជាលទ្ធផលល្អគាប់ប្រសើរ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាបន្តទៀត ។
ខ្ញុំបាទក៏សូមគោរពជូនពរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមជួបប្រទះតែ សុខភាពមាំមួន បញ្ញាវៀងវៃ និងទទួលជោគជ័យលើគ្រប់ភារកិច្ចបំរើជាតិ និងប្រជាជនកម្ពុជាជានិរន្តន៍។ សាជាថ្មីម្ដងទៀត ខ្ញុំសូមបន្តផ្ដល់ការលើកទឹកចិត្តដល់ លោក លោកស្រី ក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខណ្ឌ-សង្កាត់ -ភូមិ កងកម្លាំងគ្រប់ប្រភេទ យុវជន យុវនារី ជាពិសេស សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ សូមបន្តខិតខំអនុវត្តតួនាទី និងភារកិច្ច បំរើជាតិ និងប្រជាជន អោយកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្ដើមបានជ័យជំនះលើការបោ-ះឆ្នោ-តនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលខាងមុខនេះ ជូន គណបក្ស និងរាជរដ្ឋាភិបាលអោយបាន១០០%។
ជាចុងក្រោយ ខ្ញុំសូមជូនពរដល់ លោក លោកស្រី ក្រុមប្រឹក្សា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខណ្ឌ-សង្កាត់-ភូមិ កងកម្លាំងគ្រប់ប្រភេទ យុវជន យុវនារី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជន យុវនារី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខណ្ឌប្ញស្សីកែវ ជាបេះដូងរបស់ខ្ញុំជារៀងរហូត ខ្ញុំក៏នៅតែជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌប្ញស្សីកែវ ខ្ញុំនៅតែស្រឡាញ់រាប់អាន ក្រុមប្រឹក្សា មន្ត្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ ជារៀងរហូត សូមអរគុណ ៕


