
សង្គម
ព្រឹកថ្ងៃចន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍។
នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ថ្លែងជម្រុញឲ្យស្នងការថ្មីខេត្តសៀមរាប «ត្រូវតែធ្វើឲ្យបាន បើយើងសន្យាហើយ ដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យនោះ ទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេស គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព»។
ការសន្យាចិត្ត ប្តេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្ត យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធ និង សន្តិសុខសណ្តាប់ធ្នាប់ ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយកម្លាំងក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ដើម្បីធ្វើការទាំងអស់នោះ ឲ្យបានជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបាននោះឡើយ។






