
សង្គម
នេះជារឿងដ៏កម្រដែលមានកូនខ្មែរមួយក្រុមជិត១០នាក់ បានបង្កើតកូនផ្កាយរណបមួយ ដែលមានឈ្មោះថា (CubeSat) ហើយបានបង្ហោះពីផែនដី ចេញទៅស្រទាប់បរិយាកាសដើម្បីតាមដានអាកាសធាតុ និងឧតុនិយម។នេះបើយោងតាមគណនី Sann Vathana បានឲ្យដឹងទាំងស្រុងថា៖
សូមសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមសិស្សានុសិស្សដែលមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរបានបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ ដែលបង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី ដែលអាចប្រមូលទិន្នន័យ ពាក់ព័ន្ធនឹងឧតុនិយមនិងអាកាសធាតុ។

កូនផ្កាយរណបនេះបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយចំណាយ ពេល៤ម៉ោង ក្នុងទិសដៅពីកើតទៅលិច។
កូនផ្កាយរណបនេះត្រូវបានដាក់នៅក្នុងប្រអប់កេះស្នោតូចមួយ ដែលមានរូប ទង់ជាតិកម្ពុជានៅខាងក្រៅ និងមានលេខទូរសព្ទនៅជាប់នឹងប្រអប់កេះស្នោនោះ ហើយបង្ហោះជាមួយប៉េងប៉ោងពណ៌ស។

តាមការរំពឹងទុក កូនផ្កាយរណបនេះនឹងវិលត្រឡប់មកវិញ ហើយធ្លាក់នៅតំបន់ភូមិសាស្រ្តស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅអំឡុងម៉ោង១៦៖០០។ សូមសាធារណជនដែលបានឃើញប្រអប់កេះស្នោនេះ មេត្តាកុំបើកឬហែកប្រអប់កេះស្នោនេះអោយសោះ ដើម្បីអនុញ្ញាតអោយសិស្សានុសិស្សអាចយកទិន្នន័យចេញពីផ្កាយរណបនេះ ទៅបន្តការស្រាវជ្រាវរបស់ខ្លួន។
សូមសាធារណជនដែលបានឃើញប្រអប់កេះស្នោនេះនៅទីតាំងណាមួយ មេត្តាទាក់ទងទៅលេខទូរសព្ទដែលមាននៅលើប្រអប់កេះស្នោនោះ ដោយអនុគ្រោះ។












ការបង្ហោះគំរូកូនផ្កាយរណបលើកទី ២
ការបង្ហោះគំរូកូនផ្កាយរណបលើកទី ១